លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានអញ្ជើញចុះអភិបាលគាំទ្រ និងពិនិត្យវឌ្ឍនភាពនៃការផ្តល់សេវាសុខាភិបាល នៅមន្ទីរពេទ្យព្រះអង្គឌួង
22/04/2026កិច្ចប្រជុំ
នាវេលាម៉ោង ២:០០ រសៀល ថ្ងៃអង្គារ ៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យព្រះអង្គឌួង បានអញ្ជើញចុះអភិបាលគាំទ្រ និងពិនិត្យវឌ្ឍនភាពនៃការផ្តល់សេវាសុខាភិបាល នៅមន្ទីរពេទ្យព្រះអង្គឌួង។
ក្នុងឱកាសនោះ លោកជំទាវបានអញ្ជើញចុះពិនិត្យដោយផ្ទាល់នៅតាមផ្នែកផ្តល់សេវាសំខាន់ៗរបស់មន្ទីរពេទ្យ រួមមាន ផ្នែកទទួលជំងឺដំបូង (Emergency 24h) ផ្នែកសង្គ្រោះបន្ទាន់ (ICU) ផ្នែកវះកាត់ទូទៅ និងផ្នែកពិនិត្យពិគ្រោះជំងឺក្រៅ (OPD) ព្រមទាំងបានជួបប្រជុំជាមួយថ្នាក់ដឹកនាំមន្ទីរពេទ្យ ដើម្បីពិភាក្សាអំពីវឌ្ឍនភាព ការរៀបចំ និងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ។

ក្នុងកិច្ចប្រជុំនោះ លោកជំទាវសាស្ត្រាចារ្យរដ្ឋលេខាធិការ បានពាំនាំនូវការណែនាំ និងអនុសាសន៍របស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដោយបានលើកឡើងអំពីសារៈសំខាន់នៃការចុះត្រួតពិនិត្យការងារជាប្រចាំរបស់ថ្នាក់ដឹកនាំ ការផ្តល់សេវាសុខាភិបាលដោយសមធម៌ និងមិនប្រកាន់ជាតិសាសន៍ វណ្ណៈ ឬពណ៌សម្បុរ ព្រមទាំងមិនត្រូវទុកចោលអ្នកជំងឺណាម្នាក់ឡើយ (No one left behind)។
លោកជំទាវក៏បានណែនាំឱ្យមានការរៀបចំប្រព័ន្ធបែងចែកអ្នកជំងឺ (Triage) ដោយបុគ្គលិកជំនាញ ដើម្បីធានាថាអ្នកជំងឺទទួលបានការព្យាបាលទាន់ពេលវេលា។ ទន្ទឹមនឹងនេះ ក៏បានលើកទឹកចិត្តឱ្យភ្ញៀវទេសចរបរទេសមានប័ណ្ណធានារ៉ាប់រងសុខភាព ហើយក្នុងករណីមានជនបរទេសចូលមកសម្រាកព្យាបាល មន្ទីរពេទ្យត្រូវសហការ និងសម្របសម្រួលជាមួយស្ថានទូតពាក់ព័ន្ធផងដែរ។

ជាពិសេស លោកជំទាវបានជំរុញឱ្យគ្រូពេទ្យ និងបុគ្គលិកទាំងអស់ បន្តខិតខំយកចិត្តទុកដាក់ថែទាំអ្នកជំងឺ ប្រកបដោយគុណភាព សុវត្ថិភាព និងសមធម៌ ជាពិសេសគិលានុបដ្ឋាក ដែលជាបុគ្គលិកនៅជិតស្និទ្ធជាមួយអ្នកជំងឺជាងគេ។
ជាចុងក្រោយ លោកជំទាវសាស្ត្រាចារ្យរដ្ឋលេខាធិការ បានថ្លែងការកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកមន្ទីរពេទ្យព្រះអង្គឌួងទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ និងបានជំរុញឱ្យបន្តផ្សព្វផ្សាយខ្លឹមសារនៃការណែនាំ និងអនុសាសន៍ទាំងនេះទៅគ្រប់ផ្នែកទាំងអស់ ដើម្បីពង្រឹងគុណភាពសេវាព្យាបាល និងការថែទាំឱ្យកាន់តែប្រសើរឡើង និងក្លាយជាទីជឿទុកចិត្តរបស់ប្រជាពលរដ្ឋ។

