ផ្នែកជំងឺវះកាត់ទូទៅនៃមន្ទីរពេទ្យព្រះអង្គឌួង គឺជាផ្នែកដ៏ធំ និងសំខាន់មួយ ដែលផ្តល់សេវាវះកាត់យ៉ាងទូលំទូលាយដល់អ្នកជំងឺជាច្រើនទូទាំងប្រទេសកម្ពុជា។ ផ្នែកនេះទទួលបន្ទុកទាំងការវះកាត់បន្ទាន់ និងការវះកាត់តាមកម្មវិធី ចាប់ពីវះកាត់តូចៗ ដល់វះកាត់ស្មុគស្មាញ និងប្រើប្រាស់បច្ចេកទេសទំនើប។
ផ្នែកនេះមានវេជ្ជបណ្ឌិតឯកទេសវះកាត់គ្រប់ជំនាញ គិលានុបដ្ឋាក-យិកា និងបុគ្គលិកបច្ចេកទេសដែលមានបទពិសោធន៍ និងទទួលបានការបណ្តុះបណ្តាលលើបច្ចេកទេសទាំងក្នុងនិងក្រៅប្រទេស។ ហើយក៏ជាកន្លែងបណ្តុះបណ្តាលសម្រាប់និស្សិតវេជ្ជសាស្ត្រ រួមមានវេជ្ជបណ្ឌិតឯកទេស វេជ្ជបណ្ឌិតទូទៅ និងគិលានុបដ្ឋាក-យិកា ដែលកំពុងបន្តសិក្សា ដើម្បីអភិវឌ្ឍធនធានមនុស្សផ្នែកសុខាភិបាលនៅកម្ពុជា។
ផ្នែកជំងឺវះកាត់ទូទៅក៏ធ្វើការសហការជាមួយវេជ្ជបណ្ឌិតជំនាញពីបណ្តាប្រទេសរីកចំរើននានា សំដៅអភិវឌ្ឍន៍សមត្ថភាពបច្ចេកទេសទំនើបៗដល់ក្រុមវេជ្ជបណ្ឌិតរបស់យើង ដើម្បីប្រសិទ្ធិភាពខ្ពស់ក្នុងការព្យាបាលជូនដល់ប្រជាពលរដ្ឋមកទទួលសេវាព្យាបាល។
ផ្នែកជំងឺវះកាត់ទូទៅ មាន៦យូនីត រួមមាន៖
១. យូនីត សោភ័ណសល្យសាស្ត្រ (Unit of Plastic and Reconstructive Surgery)
២. យូនីត សល្យសាស្ត្រប្រព័ន្ធប្រសាទ និង ឆ្អឹងខ្នង (Unit of Neuro-Surgery)
៣. យូនីត សល្យសាស្ត្រជំងឺឆ្អឹង និង បាក់បែក (Unit of Traumatology)
៤. យូនីត សល្យសាស្ត្រប្រព័ន្ធទឹកម៉ូត្រ (Unit of Urology)
៥. យូនីត សល្យសាស្ត្រប្រព័ន្ធរំលាយអាហារ (Unit of Digestive Surgery)
៦. យូនីត ព្យាបាលដោយចលនា (Unit of Physiotherapy)
ផ្នែកនេះផ្តល់នូវវិធីវះកាត់ស្តារឡើងវិញ ដើម្បីដោះស្រាយបញ្ហាដូចខាងក្រោម៖
- ការខូចខាត បន្ទាប់ពីរបួស ឬការប៉ះទង្គិច ដែលពាក់ព័ន្ធនឹងជាលិកាតំបន់មុខក្បាល និងតំបន់មុខ-ថ្គាម
- ការស្តារឡើងវិញ បន្ទាប់ពីការវះកាត់ ដុំសាច់មហារីក ឬមិនមែនមហារីក
- ភាពខុសប្រក្រតីពីកំណើត រួមមាន បបូរមាត់ឆែប និងផ្ទៃមាត់ឆែប ព្រមទាំងភាពខូចទ្រង់ទ្រាយមុខក្បាលផ្សេងៗ
- ការព្យាបាលរបួសស្មុគស្មាញ ការប្រទាញសាច់ដុំ (contracture) ការខូចទ្រង់ទ្រាយដោយស្នាមរបួស និងបញ្ហាផ្សេងៗទៀត
វិធីវះកាត់ត្រូវបានអនុវត្ត ដើម្បីកែលម្អរូបរាងខាងក្រៅ និងលើកកម្ពស់សុខុមាលភាពផ្លូវចិត្ត និងសង្គម រួមមាន៖
- វះកាត់កែសម្ផស្សផ្ទៃមុខ (កែច្រមុះ កែត្របកភ្នែក និងវិធីបង្កើនភាពវ័យក្មេងនៃមុខ)
- វះកាត់សុដន់ (បង្កើនទំហំ បន្ថយទំហំ លើកសុដន់ និងស្តារឡើងវិញ)
- វះកាត់កែទម្រង់រាងកាយ (បូមខ្លាញ់ កាត់ស្បែកពោះយារធ្លាក់ និងវះកាត់បន្ទាប់ពីបាត់បង់ទម្ងន់)