ផ្នែកវះកាត់មុខ-មាត់ និងឆ្គឹងថ្គាម និងជំងឺមាត់ធ្មេញ

ទិដ្ឋភាពទូទៅ៖

សូមស្វាគមន៍មកកាន់ផ្នែកវះកាត់មុខ-មាត់ និងឆ្អឹងថ្គាម នឹងជំងឺមាត់ធ្មេញនៃមន្ទីរពេទ្យព្រះអង្គឌួង។ ផ្នែកនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៨ ក្នុងគោលបំណងផ្តល់ការថែទាំ និងព្យាបាលយ៉ាងទូលំទូលាយដល់អ្នកជំងឺដែលប៉ះពាល់ដល់សុខភាពមុខ-មាត់ ឆ្អឹងថ្គាម និងធ្មេញ។​ ក្រុមការងារជំនាញៗរបស់យើងប្ដេជ្ញាផ្ដល់ការថែទាំ និងព្យាបាលដែលមានសុវត្ថិភាព ប្រសិទ្ធិភាព និងសមភាព ដោយផ្ដោតលើការថែទាំ ព្យាបាលលើអ្នកជំងឺ ចាប់ពីការព្យាបាលធ្មេញជាប្រចាំរហូតដល់ជំងឺស្មុគស្មាញនៃមុខ-មាត់ និងឆ្អឹងថ្គាម។ ផ្នែកនេះដំណើរការ ២៤/២៤ សម្រាប់សេវាមាត់-ធ្មេញបន្ទាន់ និងរបួសបាក់បែកឆ្អឹងមុខ ដោយធានាបាននូវការអន្តរាគមន៍ទាន់ពេលវេលា និងនិរន្តរភាពនៃការថែទាំ និងព្យាបាល។

សេវាកម្ម៖
  • ផ្នែកវះកាត់មុខ-មាត់ និងឆ្អឹងថ្គាម នឹងជំងឺមាត់ធ្មេញ បានរួមបញ្ចូលជំនាញវះកាត់មុខ-មាត់ និងឆ្អឹងថ្គាម ប្រកបដោយបច្ចេកវិទ្យាទំនើប រួមទាំងការថែទាំ-ព្យាបាលធ្មេញជាមួយនឹងទន្តបណ្ឌិតឯកទេស ដើម្បីផ្តល់ការព្យាបាលកម្រិតខ្ពស់សម្រាប់អ្នកជំងឺគ្រប់រូប ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ ជនជាតិ ឋានៈ វណ្ណៈ និងសាសនាឡើយ។

ផ្នែកវះកាត់មុខ-មាត់ និងឆ្អឹងថ្គាម នឹងជំងឺមាត់ធ្មេញមានផ្តល់សេវាដូចជា៖
ក. សេវាវះកាត់បាក់បែកមុខ-មាត់ និងឆ្គឹងថ្គាម៖

ផ្តល់ការថែទាំព្យាបាលឯកទេស សម្រាប់របួសផ្ទៃមុខ ការបាក់បែកឆ្អឹងថ្គាម និងស្ថានភាព
ស្មុគស្មាញនៃការបែកបាក់ឆ្អឹងលលាដ៍ក្បាល និងឆ្អឹងមុខ។ ដោយផ្តោតលើការស្តារមុខងារទំពារ ទម្រង់ផ្ទៃមុខឱ្យប្រសើរឡើងវិញ ដោយប្រើបច្ចេកទេសវះកាត់ដែលមានមូលដ្ឋានវិទ្យាសាស្រ្តវេជ្ជសាស្រ្តទំនើប។

សេវាកម្មសំខាន់ៗ៖

  • ការបាក់បែកឆ្អឹងមុខ (Le Fort I, II, III, ZMC, NOE fractures)
  • ការបាក់បែកឆ្អឹងថ្គាម
  • ការបាក់បែកធ្មេញ។
ខ). សេវាវះកាត់ដុំសាច់ និងឆ្អឹងថ្គាម៖

ផ្តល់ការថែទាំ-ព្យាបាលឯកទេស ចំពោះការវះកាត់ដុំសាច់ និងជំងឺឆ្អឹងថ្គាម។

សេវាកម្មសំខាន់ៗ៖

  • ការវះកាត់ដកធ្មេញ ឬវះកាត់ថ្គាមទាល់
  • ការវះកាត់ដុំសាច់ក្នុងឆ្អឹងថ្គាម និងដំបៅក្នុងមាត់
  • ការវះកាត់ការបង្កមេរោគលើផ្ទៃមុខ និងមាត់ធ្មេញ​
  • ការវះកាត់ច្រិបសាច់ពិសោធន៍រករោគវិនិច្ឆ័យ។
គ). សេវាវះកាត់ដុំសាច់មហារីកក្នុងមាត់៖

ផ្តល់ការថែទាំ-ព្យាបាល ចំពោះដុំសាច់មហារីកដែលកើតមាននៅក្នុងមាត់ និងអណ្តាត។ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល ការវះកាត់ដុំសាច់ក្នុងមាត់ និងថ្គាមនៅដំណាក់កាលដំបូង។ ការវះកាត់យកដុំសាច់មហារីក ដោយក្រុមគ្រូពេទ្យឯកទេស ដោយរក្សាមុខងារសរីរាង្គ និងទម្រង់ឱ្យបានល្អប្រសើរឡើងវិញ។

សេវាកម្មសំខាន់ៗ៖

  • ការធ្វើរោគវិនិច្ឆ័យ និងការវះកាត់ច្រិបជាលិកាពិនិត្យ
  • ការវះកាត់យកដុំសាច់មហារីក ក្នុងប្រអប់មាត់
  • ការសាងសង់ឡើងវិញនូវពិការភាពមុខ-មាត់ និងឆ្អឹងថ្គាម
  • ការសម្របសម្រួលជាមួយផ្នែកជំងឺមហារីក និងជំនាញពាក់ព័ន្ធផ្សេងៗ។
ឃ). សេវាព្យាបាលជំងឺសន្លាក់ឆ្អឹងថ្គាម (TMJ)៖

ផ្តល់ការប្រឹក្សា និងពិនិត្យលើការវាយតម្លៃ និងការព្យាបាលលើការស្តារមុខងារសន្លាក់ឡើងវិញ និងបំបាត់ការឈឺចាប់លើផ្ទៃមុខ និងសន្លាក់ឆ្អឹងថ្គាម។

សេវាកម្មសំខាន់ៗ៖

  • ការពិនិត្យពិគ្រោះ និងការថតកាំរស្មីអ៊ិចលើសន្លាក់
  • ការព្យាបាលដោយថ្នាំ ឬ ឧបករណ៍ពាក់ក្នុងមាត់ (Splint)
  • ការវះកាត់ផ្លាស់ប្តូរសន្លាក់ឆ្អឹងថ្គាម។