ផ្នែកជំងឺវះកាត់ទូទៅ

ផ្នែកជំងឺវះកាត់ទូទៅ (DEPARTMENT of GENERAL SURGERY)

​​​​       ផ្នែកជំងឺវះកាត់ទូទៅនៃមន្ទីរពេទ្យព្រះអង្គឌួង គឺជាផ្នែកដ៏ធំ និងសំខាន់មួយ ដែលផ្តល់សេវាវះកាត់យ៉ាងទូលំទូលាយដល់អ្នកជំងឺជាច្រើនទូទាំងប្រទេសកម្ពុជា។ ផ្នែកនេះទទួលបន្ទុកទាំងការវះកាត់បន្ទាន់ និងការវះកាត់តាមកម្មវិធី ចាប់ពីវះកាត់តូចៗ ដល់វះកាត់ស្មុគស្មាញ និងប្រើប្រាស់បច្ចេកទេសទំនើប។

​​​​       ផ្នែកនេះមានវេជ្ជបណ្ឌិតឯកទេសវះកាត់គ្រប់ជំនាញ គិលានុបដ្ឋាក-យិកា និងបុគ្គលិកបច្ចេកទេសដែលមានបទពិសោធន៍ និងទទួលបានការបណ្តុះបណ្តាលលើបច្ចេកទេសទាំងក្នុង​និង​ក្រៅប្រទេស។ ហើយក៏ជាកន្លែងបណ្តុះបណ្តាលសម្រាប់និស្សិតវេជ្ជសាស្ត្រ រួមមានវេជ្ជបណ្ឌិតឯកទេស វេជ្ជបណ្ឌិតទូទៅ និងគិលានុបដ្ឋាក-យិកា ដែលកំពុងបន្តសិក្សា ដើម្បីអភិវឌ្ឍធនធានមនុស្សផ្នែកសុខាភិបាលនៅកម្ពុជា។

​​​​       ផ្នែកជំងឺវះកាត់ទូទៅក៏ធ្វើការសហការជាមួយវេជ្ជបណ្ឌិតជំនាញពីបណ្តាប្រទេសរីកចំរើននានា​ សំដៅអភិវឌ្ឍន៍សមត្ថភាពបច្ចេកទេសទំនើបៗដល់ក្រុមវេជ្ជបណ្ឌិតរបស់យើង ដើម្បីប្រសិទ្ធិភាពខ្ពស់ក្នុងការព្យាបាលជូនដល់ប្រជាពលរដ្ឋមកទទួលសេវាព្យាបាល។

​​​​       ផ្នែកជំងឺវះកាត់ទូទៅ មាន៦យូនីត រួមមាន៖

​​១. យូនីត សោភ័ណសល្យសាស្ត្រ (Unit of Plastic and Reconstructive Surgery)

២.​ យូនីត សល្យសាស្ត្រប្រព័ន្ធប្រសាទ និង​ ឆ្អឹងខ្នង (Unit of Neuro-Surgery)

៣. យូនីត សល្យសាស្ត្រជំងឺឆ្អឹង និង បាក់បែក (Unit of Traumatology)

៤. យូនីត សល្យសាស្ត្រប្រព័ន្ធទឹកម៉ូត្រ (Unit of Urology)

៥.​ យូនីត សល្យសាស្ត្រប្រព័ន្ធរំលាយអាហារ (Unit of Digestive Surgery)

៦. យូនីត ព្យាបាលដោយចលនា​ (Unit of Physiotherapy)

រចនាសម្ព័ន្ធផ្នែក
ប្រធានផ្នែក

វេជ្ជបណ្ឌិតឯកទេស ហេង មុនីរត្ន

  • សញ្ញាបត្រឯកទេស សោភ័ណសល្យសាស្ត្រ – សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
  • វិញ្ញាបនបត្រ បញ្ជាក់ការសិក្សាបន្ដ ផ្នែកសោភ័ណសល្យសាស្ត្រ លើ ក ផ្ទៃមុខ​ និង ក្បាល ពីមន្ទីរពេទ្យសាកលវិទ្យាល័យ Soonchunhyang University Hospital Bucheon , ប្រទេសកូរ៉េខាងត្បូង
អនុប្រធានផ្នែក

វេជ្ជបណ្ឌិតឯកទេស ម៉ប់ សីហា

  • សញ្ញាបត្រឯកទេសវះកាត់ប្រព័ន្ធប្រសាទ – សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល
  • សញ្ញាបត្រឯកទេសវះកាត់ប្រព័ន្ធប្រសាទ – សាកលវិទ្យាល័យ Paris Sorbonne, ប្រទេសបារាំង
  •  Fellowship​ – Hôpital Femme Mère Enfant, Lyon, France
អនុប្រធានផ្នែក

វេជ្ជបណ្ឌិតឯកទេស អ៊ឹង ម៉េងលាង

• សញ្ញាបត្រឯកទេសសល្យសាស្រ្តប្រព័ន្ធទឹកម៉ូត្រ-សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល

១. យូនីត សោភ័ណសល្យសាស្ត្រ (Unit of Plastic and Reconstructive Surgery)

​         ផ្នែកសោភ័ណសល្យសាស្រ្តនៃមន្ទីរពេទ្យព្រះអង្គឌួង ផ្តល់សេវាវះកាត់ឯកទេស ក្នុងការស្តារឡើងវិញ  ដើម្បីកែលម្អ និងបង្កើនឬរក្សាមុខងារនៃរាងកាយ។ ក្នុងនាមជាផ្នែកមួយក្នុងចំណោមផ្នែកផ្សេងៗ នៃមន្ទីរពេទ្យថ្នាក់ជាតិ និងក្នុងនាមជាមជ្ឈមណ្ឌលបណ្តុះបណ្តាលវេជ្ជសាស្ត្រ យើងខ្ញុំបានខិតខំបញ្ចូលគ្នារវាង បច្ចេកវិទ្យាវះកាត់ទំនើប និងការអប់រំវេជ្ជសាស្ត្រ ដោយគោរពតាមស្តង់ដារវេជ្ចសាស្រ្តថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីបម្រើប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា។ មិនតែប៉ុណ្ណោះ យើងខ្ញុំបានធ្វើការសហការជាមួយផ្នែកពាក់ព័ន្ធផ្សេងៗ ដើម្បីធានាបាននូវការថែទាំពេញលេញចាប់ពីដំណាក់កាលពិនិត្យមុនវះកាត់ រហូតដល់ការថែទាំបន្ទាប់ពីវះកាត់។

សេវាកម្មសំខាន់ៗ៖
វះកាត់ស្តារឡើងវិញ Reconstructive Surgery:

ផ្នែកនេះផ្តល់នូវវិធីវះកាត់ស្តារឡើងវិញ ដើម្បីដោះស្រាយបញ្ហាដូចខាងក្រោម៖

  • ការខូចខាត បន្ទាប់ពីរបួស ឬការប៉ះទង្គិច ដែលពាក់ព័ន្ធនឹងជាលិកាតំបន់មុខក្បាល និងតំបន់មុខ-ថ្គាម
  • ការស្តារឡើងវិញ បន្ទាប់ពីការវះកាត់ ដុំសាច់មហារីក ឬមិនមែនមហារីក
  • ភាពខុសប្រក្រតីពីកំណើត រួមមាន បបូរមាត់ឆែប និងផ្ទៃមាត់ឆែប ព្រមទាំងភាពខូចទ្រង់ទ្រាយមុខក្បាលផ្សេងៗ
  • ការព្យាបាលរបួសស្មុគស្មាញ ការប្រទាញសាច់ដុំ (contracture) ការខូចទ្រង់ទ្រាយដោយស្នាមរបួស និងបញ្ហាផ្សេងៗទៀត
វះកាត់កែសម្ផស្ស (Aesthetic Surgery):

វិធីវះកាត់ត្រូវបានអនុវត្ត ដើម្បីកែលម្អរូបរាងខាងក្រៅ និងលើកកម្ពស់សុខុមាលភាពផ្លូវចិត្ត និងសង្គម រួមមាន៖

  • វះកាត់កែសម្ផស្សផ្ទៃមុខ (កែច្រមុះ កែត្របកភ្នែក និង​វិធីបង្កើនភាពវ័យក្មេងនៃមុខ)
  • វះកាត់សុដន់ (បង្កើនទំហំ បន្ថយទំហំ លើកសុដន់ និងស្តារឡើងវិញ)
  • វះកាត់កែទម្រង់រាងកាយ (បូមខ្លាញ់ កាត់ស្បែកពោះយារធ្លាក់ និងវះកាត់បន្ទាប់ពីបាត់បង់ទម្ងន់)
ការគ្រប់គ្រង និងស្តារឡើងវិញរបួស (Burn Management and Reconstruction):
  • ការថែទាំរបួសស្រួចស្រាល និងការវះកាត់ព្យាបាលក្រោយរលាក
  • ការបន្សាំស្បែក និងស្តារឡើងវិញដោយប្រើការប៉ះសាច់ (Flap-based Reconstruction)
  • ការកែលម្អរស្នាមរបួសរយៈពេលវែង និងការស្ដារមុខងាររាងកាយ
វះកាត់ដៃ និងមីក្រូវះកាត់ (Hand Surgery and Microsurgery)
  • ការព្យាបាល របួសដៃ សរសៃពួរ និងសរសៃប្រសាទ
  • វះកាត់ស្តារឡើងវិញប្រើម៉ាស៊ីនមីក្រូស្កូបទំនើប រួមមានការផ្ទេរជាលីកាពីតំបន់ផ្សេងដែលឆ្ងាយពីតំបន់រងរបួស (Free Tissue Transfer)
  • ស្តារមុខងាររបស់អវៈយវៈខាងលើ
ផ្នែកនេះសហការយ៉ាងជិតស្និទ្ធជាមួយ៖
    • ផ្នែកវះកាត់ទូទៅ (General Surgery)
    • ផ្នែកវះកាត់បាក់បែកឆ្អឹង(Orthopedics)
    • ផ្នែកជំងឺសើស្បែក (Dermatology)
    • ផ្នែកត្រចៀក ច្រមុះ បំពងក និងផ្នែកវះកាត់ឆ្អឹងផ្ទៃមុខ (ENT and Maxillofacial)
    • ផ្នែកចក្ខុរោគ (Ophthalmologist)
    • ផ្នែកស្ដារលទ្ធភាពពលកម្ម និងចលនា (Rehabilitation and Physiotherapy) និងផ្នែកផ្សេងៗទៀត
រចនាសម្ព័ន្ធយូនីត
អនុប្រធានផ្នែក

វេជ្ជបណ្ឌិតឯកទេស ឡេង សុវណ្នរ៉ា (ប្រធានយូនីត)

  • សញ្ញាបត្រឯកទេស សោភ័ណសល្យសាស្ត្រ – សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
  • វិញ្ញាបនបត្របញ្ជាក់ការសិក្សាបន្ដផ្នែកសោភ័ណសល្យសាស្ត្រ លើផ្ទៃមុខ និង ឆ្អឹងថ្គាម នៅមន្ទីរពេទ្យសាកលវិទ្យាល័យ Caen ( CHU ), ប្រទេសបារាំង
  • វិញ្ញាបនបត្របញ្ជាក់ការសិក្សាបន្ដ លើផ្នែកសោភ័ណសល្យសាស្ត្រ នៅមន្ទីរពេទ្យ Seoul National University Bundang Hospital (SNUBH), ប្រទេសកូរ៉េខាងត្បូង
  • វិញ្ញាបនបត្រ បញ្ជាក់ការសិក្សាបន្ដ លើផ្នែកសោភ័ណសល្យសាស្ត្រ នៅមន្ទីរពេទ្យ ASAN Medical Center (AMC) ប្រទេសកូរ៉េខាងត្បូង

វេជ្ជបណ្ឌិតឯកទេស សឹង សុភា

  • សញ្ញាបត្រឯកទេស សោភ័ណសល្យសាស្រ្ត-សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
  • សញ្ញាបត្រឯកទេសវះកាត់មហារីក ក មុខ និង ក្បាល- សាកលវិទ្យាល័យ Strasbourg, ប្រទេសបារាំង

វេជ្ជបណ្ឌិត រ៉ុង រតន៍ម៉េរៀ

  • សញ្ញាបត្រឯកទេស សោភ័ណសល្យសាស្រ្ត-សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល